ព័ត៌មានសុខភាព
មិនថាបុរសឬស្ដ្រីនោះឡើយ
នៅពេលមានអាការដុះក្បាលពោះហើយគឺបណ្ដាលមកពីប្រភពនៃការធាត់។
តាមការសន្និដ្ឋានរបស់វេជ្ជសាស្ដ្របានបញ្ជាក់ថា កាលដែលធ្វើឱ្យបុរស
និងស្ដ្រីដុះក្បាលពោះនោះអាចមានកត្ដាពីរយ៉ាង
គឺបណ្ដាលមកពីឡើងនូវទម្ងន់ និងបណ្ដាលមកពីមានរោគធាត់
ទើបធ្វើឱ្យខ្លាញ់ក្បាលពោះរបស់លោកអ្នកធំធាត់ ដែលគេហៅថា ដុះក្បាលពោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ដុះក្បាលពោះ?
ដុះក្បាលពោះគឺជាអាការមួយបង្ហាញថា លោកអ្នកមានពោះធំប្លែកខុសពីពោះធម្មតា តាមរយៈការឡើងទម្ងន់ ឬមានជម្ងឺធាត់ជាដើម។ អាការដុះក្បាលពោះនេះមិនមែនកើតឡើងដោយសារជម្ងឺនោះទេ គឺកើតឡើងដោយសារសារជាតិអាហារ ដែលលោកអ្នកមួយចំនួនទទួលទានពោរពេញទៅដោយកាឡូរីខ្ពស់។ ជាពិសេសបុរសៗភាគច្រើនដុះក្បាលពោះ ដោយសារការទទួលទានសារជាតិអាកុលច្រើន ដូចជាស្រាបៀរជាដើម។
មូលហេតុដែលបណ្ដាលឱ្យលោកអ្នកដុះក្បាលពោះ
មូលហេតុដែលបណ្ដាលឱ្យមានអាការដុះក្បាលពោះនេះ គឺមានច្រើនយ៉ាងខុសៗគ្នា មិនមែនកើតឡើងដោយសារតំណពូជនោះឡើយ។ បញ្ហាដំបូងនោះ លោកអ្នកមួយចំនួនទម្លាប់ទទួលទានច្រើន។ ក្មេងដែលមានអាយុស្ថិតក្រោម១០ឆ្នាំមួយចំនួន មានអាការធាត់ខ្លាំង ដែលទម្ងន់របស់គាត់មិនសក្ដិសមទៅនឹងអាយុនោះ ក៏បានបង្ហាញឱ្យឃើញថា ក្មេងនោះចូលចិត្ដញ៉ាំច្រើន ជាពិសេសអាហារដែលមានជាតិខ្លាញ់ ដូចជាទទួលទានហេមប៊ឺហ្គ៊ឺ ឬភ្លៅមាន់អាំងជាដើម។ ការទទួលទានបែបនេះបានជំរុញឱ្យក្មេងឡើងគីឡូដោយមិនដឹងខ្លួន។ លោកអ្នកមួយចំនួនទម្លាប់ញ៉ាំអាហារបន្ថែម ឬមិនទុកឱ្យមាត់ទំនេរឡើយ ចេះតែរកអាហារនេះ អាហារនោះដើម្បីកំដរមាត់ បញ្ហានេះក៏បណ្ដាលឱ្យលោកអ្នកធាត់ផងដែរ ជាពិសេសចំពោះស្ដ្រី។ លោកអ្នកមួយចំនួនមិនបានធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ និងត្រឹមត្រូវក៏អាចជំរុញឱ្យគាត់ឡើងគីឡូរហូតឈានដល់មានអាការដុះ ក្បាលពោះទៀតផង។ ដោយឡែកលោកអ្នកមួយចំនួនមិនសូវហូបច្រើននោះទេតែអាចធាត់បានដែរ ដោយសារតែអាហារបំប៉នមួយចំនួនដែលទទួលទានចូលនោះមានសារជាតិខ្លាញ់ ជាតិអាកុល និងគ្រឿងស្រវឹងច្រើន។ ព្រោះជាតិអាកុលគឺជាប្រភពនូវកាឡូរីខ្ពស់ដោយពុំបានធ្វើសកម្មភាព ការងារផ្សេងៗ ដើម្បីបន្សាបជាតិពុលក៏អាចឡើងគីឡូបានដែរ។
រោគសញ្ញាអាចដឹងថាមានដុះក្បាលពោះ
លោកអ្នកមួយចំនួនហាក់មិនបានចាប់អារម្មណ៍ថាខ្លួនឯងឡើងទម្ងន់រហូត ដល់មានដុះក្បាលពោះនោះទេ ភាគច្រើនដឹងតាមការថ្លឹងទម្ងន់ មានអាការហត់ មិនអាចទ្រាំនឹងកម្ដៅថ្ងៃបាន ឬត្រូវកម្ដៅថ្ងៃក៏ហត់ មានអារម្មណ៍លំបាកក្នុងខ្លួនជាដើម។ ជួនពេលមានវិបត្ដិតាមប្រព័ន្ធរំលាយអាហារ ចូលចិត្ដដេកច្រើន បែកញើសច្រើន ចំពោះស្ដ្រីវិញលេចនោមមិនដឹងខ្លួន ឈឺសន្លាក់ដៃជើងគ្រប់ពេលវេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បីធ្វើការព្យាបាលអាការដុះក្បាលពោះនេះ ត្រូវធ្វើការកាត់បន្ថយដូចតទៅ ៖
1 . ត្រូវបន្ថយទម្ងន់ឱ្យបាន មិនត្រូវទទួលទានអាហារផ្ដេសផ្ដាស ព្រោះជាតិអាហារមួយចំនួនធំគឺជាអាហារដែលមានជាតិកាឡូរី។ ត្រូវទទួលទានអាហារឱ្យបានទៀងទាត់ ក្នុងមួយថ្ងៃត្រឹមតែ៥០០កាឡូរី វាគ្រប់គ្រាន់សម្រាប់ទៅចិញ្ចឹមសារពាង្គកាយ លោកអ្នកបានហើយ។ ត្រឹម៥០០កាឡូរីនេះអាចកាត់បន្ថយទម្ងន់លោកអ្នករហូតដល់កន្លះគីឡូ ក្នុងមួយសប្ដាហ៍ ហើយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។
2 . មិនត្រូវកាត់បន្ថយទម្ងន់ដោយប្រើជាតិតែ ឬកាហ្វេឡើយ ព្រោះវាអាចផ្ដល់ផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យមានអាការថប់ដង្ហើម ដោយសារតែកាឡូរីនៅក្នុងឈាមប្រែប្រួល ហើយបាត់លំនឹងដោយសារជាតិកាហ្វេ និងតែ។ លោកអ្នកដែលជ្រើសរើសយកជាតិតែ ឬកាហ្វេ ធ្វើការស្រកទម្ងន់នេះ មិនផ្ដល់ឱ្យលោកអ្នកទទួលបានសុខភាពល្អនោះឡើយ។ ម្យ៉ាងទៀតប្រសិនបើឈប់ទទួលទានជាតិកាហ្វេនេះ លោកអ្នកអាចឡើងទម្ងន់លើសដើមផងដែរ។
ផលប៉ះពាល់ដែលបណ្ដាលមកពីដុះក្បាលពោះ
បន្ទាប់ពីមានអាការធាត់ដុះក្បាលពោះហើយ លោកអ្នកអាចប្រឈមមុខទៅនឹងជម្ងឺជាច្រើនដូចជា ៖
- ជម្ងឺលើសជាតិខ្លាញ់អាចបង្កឱ្យមានការស្ទះសរសៃឈាម ពេលនោះសរីរៈមួយចំនួនត្រូវបានកាត់ផ្ដាច់ ដូចជាខួរក្បាល បេះដូងជាដើម។
- លោកអ្នកអាចប្រឈមមុខនឹងជម្ងឺទឹកនោមផ្អែមប្រភេទទី២ មានន័យថាជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះកើតឡើង ពីមនុស្សធាត់តែម្ដង។
- អាចបង្កឱ្យលោកអ្នកឡើងជាតិអាស៊ីត ហើយជាតិអាស៊ីតនេះអាចធ្វើឱ្យលោកអ្នកឈឺតាមសន្លាក់ ជាពិសេសសន្លាក់ មេជើងបង្កឱ្យមានក្រួសក្នុងតម្រងនោម ជាពិសេសជម្ងឺលើសឈាមតែម្ដង។ បន្ទាប់មកអាចឈឺចាប់ដល់សន្លាក់ឆ្អឹង ដោយសារតែទម្ងន់ធ្ងន់ពេក។ លើសពីនេះអាចបង្កឱ្យលោកអ្នកមានជម្ងឺរីកសរសៃឈាមស៊ីអូដឺ ឬមានលក្ខណៈហើមជើងជាដើម។
ដើម្បីការពារកុំឱ្យលោកអ្នកដុះក្បាលពោះនោះ ត្រូវកាត់បន្ថយការទទួលទានអាហារ និងទទួលទានឱ្យបានទៀងពេលវេលាទៅតាមកាលកំណត់។ សូមជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ និងសក្ដិសមដើម្បីធ្វើការទទួលទានតាមវ័យ និងពេលវេលា។ មិនត្រូវទទួលទានអាហារកំដរមាត់ ឬអាហារសម្រន់ណាដែលមានជាតិខ្លាញ់ និងស្ករច្រើនពេកទេ។ សូមកាត់បន្ថយការទទួលទាន គ្រឿងស្រវឹង។ មិនត្រូវទទួលទានឱសថប្រភេទមួយចំនួនដែលទទួលទានបាយបាន សម្រាន្ដលក់ឡើយ ព្រោះវាអាចបង្កលក្ខណៈ ឱ្យលោកអ្នកឡើងទម្ងន់ ហើយអាចឈានដល់មានជម្ងឺធាត់ និងហើមផងដែរ។
ដំបូន្មានអ្នកជំនាញ
ដើម្បីបញ្ចៀសអាការដុះក្បាលពោះ និងគេចវេសពីជម្ងឺលើសឈាម ជម្ងឺខ្លាញ់ក្នុងសរសៃឈាម និងជម្ងឺទឹកនោមផ្អែម លោកអ្នកត្រូវតែធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ និងកាត់បន្ថយការទទួលទានច្រើន ជាពិសេសជាតិស្រវឹង ព្រោះសារជាតិទាំងនេះ អាចជំរុញឱ្យលោកអ្នកដុះក្បាលពោះ។ ដោយហេតុថានៅពេលដែលលោកអ្នកទទួលទានគ្រឿងស្រវឹងចូលធ្វើឱ្យការ ទទួលទានអាហារកាន់តែច្រើន ហើយបង្កលក្ខណៈឱ្យមានការឡើងគីឡូរហូតដល់ធ្វើឱ្យលោកអ្នកដុះក្បាលពោះ តែម្ដង។ ដូច្នេះបើកាត់បន្ថយទាំងការទទួលទានអាហារ និងការទទួលទានគ្រឿងស្រវឹង នោះសុខភាពនឹងរឹងប៉ឹងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ។
អនាម័យមនុស្សចាស់
ការរស់នៅប្រកបដោយអនាម័យជាប្រការមួយដែលគួរអនុវត្ដ ជាពិសេសសម្រាប់អ្នកមានវ័យចំណាស់មានសុខភាពទន់ខ្សោយ គួរគប្បីយល់ដឹងពីរបៀបរស់នៅ តំហែទាំសុខភាពនិងអនាម័យបែបមនុស្សចាស់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសឱ្យផុតពីផលប៉ះពាល់ដល់សុខភាពដែលបណ្ដាលមកពីកង្វះខាតនូវភាព ស្អាត។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ហេតុអ្វីត្រូវយល់ដឹងអំពីអនាម័យមនុស្សចាស់
តាមតួលេខនៃការវិភាគទិន្នន័យសុខភាពរបស់អង្គការសុខភាពពិភពលោក បានបែងចែកមនុស្សជាបីក្រុម គឺក្រុមមនុស្ស ដែលមានសុខភាពបរិបូណ៌ សុខភាពធម្មតា និងសុខភាពខ្សោយ ឬមនុស្សចាស់ដែលងាយឈឺថ្កាត់ដោយសារជម្ងឺរ៉ាំរ៉ៃផ្សេងៗ។ មនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ត្រូវបានរាប់បញ្ចូលជាក្រុមមនុស្សចាស់។ ក្នុងវ័យនេះសរីរាង្គកាយគ្រប់ផ្នែកចាប់ផ្ដើមទ្រុឌទ្រោម និងចុះខ្សោយជាលំដាប់ ជាពិសេសសរសៃឈាមចាប់ផ្ដើមរឹងស្ពឹកបន្ដិចម្ដងៗ កែវភ្នែកឡើងអាប់ ស្រវាំង ជួនពេលខ្លះអាចទៅជាងងឹត សម្លេងញ័រ ត្រចៀកធ្ងន់ ឆ្អឹងអស់ជាតិអ៊ីយ៉ូតប្រែទៅជាស្រួយ ងាយទទួលរងការបែកបាក់ដោយសារការប៉ះទង្គិច ពីផ្នែកខាងក្រៅ ចង្វាក់បេះដូងចាប់ផ្ដើមលោតយឺត ដង្ហើមថមថយ រីឯសីតុណ្ហភាពក្នុងខ្លួនចាប់ផ្ដើមចុះខ្សោយធ្លាក់ចុះខុសពីធម្មតា ដែលមានកម្រិតសីតុណ្ហភាព៣៦អង្សា។ សភាពទាំងអស់នេះជាមូលហេតុដែលបង្កឱ្យកើតមានបញ្ហាធ្ងន់ធ្ងរ បើសិនជាពុំបានយកចិត្ដទុកដាក់ ឬពុំបានយល់ដឹងឱ្យស៊ីជម្រៅពីការរស់នៅ និងការប្រតិបត្ដិខ្លួនតាមរបៀបរស់នៅបែបមនុស្សចាស់នោះទេ។
ប្រការគួរប្រតិបត្ដិសម្រាប់មនុស្សចាស់
នៅក្នុងវ័យចំណាស់ លោកអ្នកគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យបានច្រើនទាំងផ្នែកសុខភាព រាងកាយ ការធ្វើចលនា និងការហូបចុក។ លោកអ្នកត្រូវប្រាកដថា ការរស់នៅប្រកបដោយផាសុកភាព ព្រមទាំងមានអនាម័យល្អ។ ខាងក្រោមនេះជាសកម្មភាព មួយចំនួនដែលមានក្នុងជីវភាពប្រចាំថ្ងៃរបស់លោកអ្នក និងជាប្រការដែលគួរប្រតិបត្ដិធ្វើតាម ៖
- ត្រូវសម្រាកក្នុងមួយយប់មួយថ្ងៃឱ្យបានពី៧-៨ម៉ោងជាប្រចាំ។
- នៅពេលភ្ញាក់ពីដំណេក លោកអ្នកគួរតែធ្វើលំហាត់ប្រាណឱ្យបានយ៉ាងតិច២០នាទីជារៀងរាល់ព្រឹក ហើយត្រូវប្រាកដថា លំហាត់ប្រាណនោះមានលក្ខណៈត្រឹមត្រូវទៅតាមគោលការណ៍ដែលមិនបណ្ដាល ឱ្យមានការឈឺចាប់តាមសន្លាក់សាច់ដុំ ឬក៏ហួសកម្លាំង។
- ត្រូវបរិភោគអាហារតាមពេលវេលាដែលធ្លាប់ប្រតិបត្ដិកន្លងមក ត្រូវមានចន្លោះពេលច្បាស់លាស់ មិនញាប់ពេក មិនយឺតពេក និងទៀងទាត់ពេលវេលា។ ក្នុងការបរិភោគ ត្រូវជ្រើសយកអាហារណាដែលល្អ ជួយទំនុកបម្រុងរាងកាយ និងសម្បូរដោយ សារជាតិបំប៉ន និងវីតាមីន ដែលមាននៅក្នុងបន្លែបៃតង ផ្លែឈើ ទឹកដោះគោ និងអាហារដែលផលិតដោយជាតិទឹកដោះ និងម្សៅ។
- ត្រូវមានអនាម័យខ្លួនប្រាណ ងូតទឹក ដុសលាង សម្អាតខ្លួនឱ្យបានស្អាតជានិច្ច កុំទុកឱ្យក្អែលឡើងជាប់ក្រាំង។
- គួរបរិភោគសាច់អាំង និងសាច់ខ្វៃបន្ដិចបន្ដួចនៅពេលថ្ងៃត្រង់។
- ត្រូវមានដំណើរកម្សាន្ដនៅពេលណាមានអាកាសធាតុល្អ ដើម្បីស្រូបយកខ្យល់បរិសុទ្ធឱ្យបានច្រើន។
- បរិភោគទឹកត្រជាក់ស្អាតឱ្យបានច្រើន ពិសេសទឹកដែលមានសារជាតិរ៉ែខនិជ។
- បរិភោគទឹកមុនពេលចូលដំណេក និងក្រោយពេលភ្ញាក់ពីដំណេករៀងរាល់ថ្ងៃជាប្រចាំ។
- ត្រូវមានសម្មាធិឱ្យបានច្រើន និងហ្វឹកហាត់អារម្មណ៍ស្មារតីឱ្យបាននឹងនរ កុំឆាប់ខឹងពេក ឬសប្បាយពេក។

រូបភាពទស្សនាវដ្ដីសុខភាពយើង
- មិនត្រូវទទួលទានដំណេកយូរ ឬអង្គុយយូរពេកទេ។
- គ្រប់ឥរិយាបថទាំងអស់មិនត្រូវធ្វើចលនារហ័សពេក រួមមានការក្រោកពីដំណេក ងើបអង្គុយ ឬឈរ និងធ្វើដំណើរជាដើម។
- ចៀសវាងការបំពេញការងារហួសកម្លាំង និងឱនងើបច្រើនដង។
- កុំឱ្យត្រូវខ្យល់ និងអាកាសធាតុត្រជាក់ញឹកញាប់ពេក ដែលជាហេតុបង្កឱ្យមានជម្ងឺ។
- តមដាច់ខាតចំពោះការពិសាស្រា បារី កាហ្វេ ឱសថដែលប៉ះពាល់សុខភាព បូករួមទាំងតែផងដែរ។
- កុំបរិភោគសាច់ដែលសម្បូរជាតិខ្លាញ់ច្រើនពេក ដូចជាម្ហូបខ សាច់ក្រក សាច់ភ្លាជាដើម។
- ពិសេសមិនត្រូវអានសៀវភៅច្រើន ឬយូរ ដែលជាហេតុធ្វើឱ្យភ្នែកឆាប់ស្រវាំង។
ដំបូន្មានអ្នកឯកទេស
សុខភាពជាកត្ដាសំខាន់សម្រាប់មនុស្សគ្រប់រូប ពិសេសនៅពេលឈានដល់វ័យចំណាស់ គឺជាវ័យដែលត្រូវបានគេរាប់ចូល ជាប្រភេទមនុស្សទន់ខ្សោយ ទាំងផ្នែកស្មារតី និងរាងកាយ។ ដូចនេះលោកអ្នកគួរគប្បីស្វែងយល់អំពីអនាម័យ និងការរស់នៅតាមក្បួនខ្នាតដែលបានណែនាំ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត។ ជាពិសេសគួរតែឧស្សាហ៍ទៅពិនិត្យសុខភាព និងសម្ពាធឈាមឱ្យបានញឹកញាប់ ប្រសិនបើមានអាការប្លែកក្នុងខ្លួន គួរប្រញាប់ស្វែងរកជំនួយពីគ្រូពេទ្យដែលមានជំនាញ ចៀសវាងការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជា ជាហេតុធ្វើឱ្យបង់ខាតថវិកា និងពេលវេលា ហើយថែមទាំងអាចមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។